ទីក្រុងហូជីមិញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពីទីក្រុងហូជីមិញ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិនធុរជន និងពាណិជ្ជករជុំវិញសកលលោក ដើម្បីជួបជុំគ្នាពិភាក្សា និងចូលរួមចែករំលែកនូវគំនិតទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅតម្រង់ទិស និងការជម្រុញកំណើន សេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងនៅលើសកលលោក នាពេលអនាគតប្រកបដោយភាពធន់ និងចីរភាព។
ក្នុងព្រឹត្តការណ៍ដ៏ធំ និងមានសារៈសំខាន់នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យឡើងថ្លែងចំណាប់អារម្មណ៍ក្នុងនាមរាជធានីភ្នំពេញ រួមជាមួយបណ្តាថ្នាក់ដឹកនាំបរទេសសំខាន់ៗមួយចំនួនទៀត។ ក្នុងចំណាប់អារម្មណ៍នេះ ឯកឧត្តម បានថ្លែងនូវការអបអរសាទរចំពោះទីក្រុងហូជីមីញចំពោះគំនិតផ្តួចផ្តើម និងការរៀបចំនូវវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដ៏មានសារៈសំខាន់មួយនេះ និងបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករ ជុំវិញសកលលោកបានជួបជុំគ្នាពិភាក្សា និងចូលរួមគំនិតយោបល់ នាពេលនេះ។
លោកស្រី អ្នកនាំពាក្យ បានបន្ថែមថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម អភិបាល បានចែករំលែកជូនវេទិកាដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្ពោះទៅកាន់ការកសាងសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់, មានភាពបត់បែន និងស្របតាមបរិបទសេដ្ឋកិច្ចសកល តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានផ្តោតសំខាន់លើ ការពន្លឿនការធ្វើឌីជីលូបនីយកម្ម, ការជម្រុញ និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត, ការពង្រឹងការស្រាវជ្រាវនិងការអភិវឌ្ឍ ការលើកកម្ពស់សេដ្ឋកិច្ចបៃតងដោយធានាឲ្យបាននូវភាពស៊ីសង្វាក់ក្នុងការផែនការអភិវឌ្ឍជាតិប្រកបដោយចីរភាព ការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ការធ្វើទំនើបកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបានផែនការអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅក្នុងឆ្នាំ២០៥០។
ឯកឧត្តម អភិបាល ក៏បានបន្តទៀតថា ក្នុងដំណើរឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ និងផែនការអភិវឌ្ឍខាងលើ គឺពុំអាចកាត់ផ្តាច់ចេញបានទេនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់បណ្តាប្រទេស និងដៃគូអភិវឌ្ឍអន្តរជាតិទាំងអស់ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក តាមរយៈការសហការគ្នា ក្នុងការពង្រឹងការតភ្ជាប់ប្រព័ន្ធឌីជីថលឆ្លងដែន ការកំណត់ស្តង់ដាររួម និងការលើកកម្ពស់ការវិនិយោគបៃតង ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពន្លឿនកំណើនឧស្សាហកម្មប្រកបដោយចីរភាព។
ក្នុងន័យនេះ រាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនក្នុងការចូលរួមគាំទ្រនិងសហការជាមួយបណ្តាទីក្រុង, ដៃគូអភិវឌ្ឍនិងវិស័យឯកជនទាំងអស់ក្នុងការប្រែក្លាយនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងចក្ខុវិស័យខាងលើឲ្យក្លាយជាសកម្មភាពពិតសម្តៅចូលរួមចំណែកជម្រុញការអភិវឌ្ឍទាំងនៅកម្រិតទីក្រុង និងនៅកម្រិតថា្នក់ជាតិ ឲ្យឈានឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ សម្តៅសម្រេចបានរួមគ្នានូវអនាគតពិភពលោកមួយ ប្រកបដោយភាពធន់, ច្នៃប្រឌិត, ទំនើប, បៃតង និងមានភាពឆ្លាតវៃ ជាពិសេស គឺធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ










ប្រភព: អានពីប្រភពដើម

No comments:
Post a Comment